ការអធិស្ឋានជាអាវុធដ៏ខ្លាំងពូកែ

មនុស្សម្នាក់ៗសុទ្ធតែឆ្លងកាត់នូវដំណាក់កាលនៃជីវិតផ្សេងៗពីគ្នា។ ជួនកាលយើងឆ្លងកាត់នូវភាពរីករាយ ជួនកាលភាពសោកសៅ ហើយពេលខ្លះប្រឈមមុខនឹងបញ្ហាជាច្រើន។ ក៏ប៉ុន្តែយើងត្រូវអធិស្ឋានទោះនៅក្នុងស្ថានភាពណាក៏ដោយ ព្រោះព្រះគម្ពីរបានចែងថា ចូរអធិស្ឋានឥតឈប់ឈរ។
ដូច្នេះហើយបើទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏យើងត្រូវតែអធិស្ឋានដែរ។
ប៉ុន្តែស្របពេលជាមួយគ្នានោះ ក្នុងនាមជាមនុស្ស ជាធម្មតាយើងតែងតែធុញទ្រាន់នឹងការតយុទ្ធនឹងកាលៈទេសរបស់យើង ដែលជាហេតុធ្វើអោយយើងអាក់អន់ចិត្តជាមួយនឹងព្រះជាម្ចាស់។ លោកអ្នកមិនអាចអធិស្ឋានបានទេ ទោះបីលោកអ្នកចង់អធិស្ឋានក៏ដោយ។ លោកអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់មិនស្ដាប់ការអធិស្ឋានរបស់លោកអ្នកទេ។ ព្រះជាម្ចាស់តែងតែស្ងៀមស្ងាត់ចំពោះការអធិស្ឋានរបស់លោកអ្នក។ តាមពិតទៅ ទ្រង់មិនព្រងើយកន្តើយនឹងការអធិស្ឋានរបស់អ្នកទេ។ ទ្រង់ចង់ហ្វឹកហ្វឺនអ្នក និងពង្រឹងជំនឿរបស់លោកអ្នកទៅវិញទេ។ ហើយនោះ ជាពេលវេលាដែលលោកអ្នកត្រូវអធិស្ឋានបន្ថែមទៀត។
នៅពេលដែលលោកអ្នកមើលឃើញស្ថានភាពរបស់លោកអ្នកកំពុងតែដួលចុះ នោះលោកអ្នកត្រូវតែអធិស្ឋានបន្ថែមទៀត។ ព្រោះការអធិស្ឋានគឺជាអាវុធដ៏ខ្លាំងពូកែសម្រាប់តយុទ្ធនៅគ្រប់ទាំងស្ថានភាពនៃជីវិតរបស់លោកអ្នកបាន។ ការអធិស្ឋាននឹងធ្វើអោយលោកអ្នកកាន់តែមានអំណរ។ ពីព្រោះលោកអ្នកកំពុងអធិស្ឋានទោកាន់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ហើយទ្រង់កំពុងតែស្តាប់ការអធិស្ឋានរបស់លោកអ្នក។ ព្រះជាម្ចាស់នឹងច្បាំងជំនួសលោកអ្នក ហើយលោកអ្នកនឹងមានជ័យជំនះ។
ព្រះគម្ពីរ ១ថែស្សាឡូនីច ៥:១៧-១៨ បានចែងថា ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ ការនេះបង្ហាញថា ការអធិស្ឋានគឺមានសារៈសំខាន់ណាស់ ដែលលោកអ្នកត្រូវអធិស្ឋាននូវគ្រប់ស្ថានភាពទាំងអស់។ ដោយសារតែការអធិស្ឋាន នឹងជួយពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ ហើយតាមរយៈការអធិស្ឋាននឹងជួយលោកអ្នកអោយយកឈ្នះនូវគ្រប់ការប្រយុទ្ធ។ ចូរកុំមើលស្រាលការអធិស្ឋានឡើយ។
ចូរតយុទ្ធនូវគ្រប់ទាំងស្ថានភាពនៃជីវិតរបស់លោកអ្នក ដោយការអធិស្ឋានចុះ នោះលោកអ្នកនឹងមិនដែលបរាជ័យឡើយ។