ការអត់ទោសដ៏គ្មានលក្ខណ្ឌ

តើលោកអ្នកដឹងឬទេថា ការអត់ទោសដ៏ឥតគិតថ្លៃគឺជាអ្វី? ការអត់ទោសដែលលោកអ្នកទទួលបានដោយគ្មានលក្ខណ្ឌ និងគ្មានការចោទប្រកាន់។ ព្រះរបស់យើងទ្រង់អត់ទោសដល់យើងដោយគ្មានលក្ខណ្ឌ ប៉ុន្តែលោកអ្នកគួរតែមានការស្ដាយចំពោះអំពើបាបដែលលោកអ្នកបានប្រព្រឹត្ត ហើយទូលសុំការអត់ទោសពីព្រះ ដោយលន់តួសារភាពអំពើបាបរបស់លោកអ្នកនៅចំពោះទ្រង់។ តើលោកអ្នកពិបាកនៅក្នុងការអត់ទោស ដល់អ្នកដែលបានប្រព្រឹត្តខុសចំពោះលោកអ្នកមែនទេ? តើលោកអ្នកគិតថាលោកអ្នកមានបាបខ្លាំងណាស់មែនទេ ហើយលោកអ្នកពិបាកនឹងទូលសុំដល់ព្រះអោយអត់ទោសដល់លោកអ្នកមែនទេ? មានសំណួរជាច្រើនដែលរំលឹកលោកអ្នកអំពីការអត់ទោស? ដូច្នេះព្រះគម្ពីរទំនុកដំកើង និងក័ណ្ឌគម្ពីរដំណឹងល្អនឹងមានចម្លើយសម្រាប់សំណួរទាំងនោះ។
១. ការអត់ទោសគឺជាអំណោយមកពីព្រះ
ការអត់ទោស គឺជាអំណោយនៃព្រះគុណ និងសេចក្តីមេត្តាករុណានៃព្រះ។ ព្រះយេស៊ូវគ្រីស្ទបានប្រោសលោះអំពើបាបរបស់លោកអ្នក។ ទ្រង់បានដាក់អំពើបាបរបស់លោកអ្នកមកលើទ្រង់ ហើយដាក់ជីវិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីប្រទានការអត់ទោសដល់លោកអ្នក។ អេភេសូ ២:៨-៩ ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន។ នៅពេលដែលលោកអ្នកទូលសុំការអត់ទោសពីព្រះជាម្ចាស់ ហើយទ្រង់អត់ទោសដល់លោកអ្នក នោះមិនមែនមានន័យលោកអ្នកទទួលបានការអត់ទោស ដោយព្រោះការប្រព្រឹត្តល្អ ឬកិច្ចការណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញលោកអ្នកទទួលបានការអត់ទោស ដោយសារតែព្រះយេស៊ូវគ្រីស្ទ។
២. ចូរអត់ទោសដល់អ្នកដែលធ្វើអោយអ្នកឈឺចាប់ដូចគ្នា
នៅពេលដែលព្រះជាម្ចាស់បានអត់ទោសដល់លោកអ្នកដោយគ្មានលក្ខណ្ឌ ឬក៏ចោទប្រកាន់លោកអ្នក នោះទ្រង់សព្វព្រះទ័យអោយលោកអ្នកបានចេះអត់ទោសដល់អ្នកដទៃដែរ។ ការអត់ទោស គឺជាដំណើរការដ៏សំខាន់បន្ទាប់ពីទទួលបានការអត់ទោសពីព្រះយេស៊ូវគ្រីស្ទ។ អេភេសូ ៤:៣២ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។ ព្រះអត់ទោសដល់លោកអ្នក ដូច្នេះចូរលោកអ្នកបានអត់ទោសដល់អ្នកដទៃដែរ។
៣. សេចក្តីអធិស្ឋាន
ឳព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ ទូលបង្គំសូមអរព្រះគុណទ្រង់ សម្រាប់ការអត់ទោសដល់ទូលបង្គំ។ ការអត់ដែលទូលបង្គំមិនសក្តិសមទទួលបាន ប៉ុន្តែទ្រង់បានប្រទានដល់ទូលបង្គំដោយគ្មានលក្ខណ្ឌ និងគ្មានការចោទប្រកាន់។ ទូលបង្គំសូមលន់តួសារភាពអំពើបាបរបស់ទូលបង្គំ ដែលទូលបង្គំបានបដិសេធអ្នកដែលធ្វើអោយទូលបង្គំឈឺចាប់។ ទូលបង្គំសុំទោស។ ហើយសូមអោយទូលបង្គំអាចនឹងទោសដល់អ្នកដែលធ្វើអោយទូលបង្គំឈឺចាប់ផង សូមប្រទានកម្លាំងដល់ទូលបង្គំនៅក្នុងការអត់ទោស។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។