ព្យាបាលស្នាមរបួសអតីតកាល

ជារឿយៗអតីតកាលធ្វើអោយយើងឈឺចាប់ និងសល់តែការចងចាំ។ ស្នាមរបួសចាស់ៗ បន្សល់នូវស្លាកស្នាមដែលយើងមិនអាចបំភ្លេចបាន។ របួសទាំងនោះ បានរំលឹកយើងអំពីរឿងរ៉ាវដែលធ្វើអោយយើងឈឺចាប់យ៉ាងខ្លាំង។ ឬប្រហែលជាលោកអ្នកអាចនឹងធ្វើអោយនរណាម្នាក់ឈឺចាប់?
លោកអ្នកមិនដឹងថា ត្រូវស្វែងរកសេចក្តីសុខសាន្តនៅទីណាបាន។ លោកអ្នកមើលមកកាន់ខ្លួនឯងកំពុងតែខូចខ្ទេចខ្ទាំ ឬមានកំហឹងគ្រប់ពេល។ តើលោកអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបនេះយូរប៉ុណ្ណាហើយ? តើលោកអ្នកកំពុងស៊ូទ្រាំនឹងការឈឺចាប់បែបនេះដល់ពេលណាទៀត? តើលោកអ្នកចង់គេចចេញពីការឈឺចាប់នៃរបួសទាំងនេះដែរឬទេ? ដូច្នេះ ចូរលោកអ្នករំដោះខ្លួនឯងចេញពីការនេះ ដោយការអាននូវព្រះគម្ពីរទំនុកដំកើង និងក័ណ្ឌដំណឹងល្អមួយចំនួននៅខាងក្រោមនេះ។
ព្រះយេស៊ូវគ្រីស្ទទ្រង់ជាគ្រូពេទ្យព្យាបាល
ព្រះយេស៊ូវគ្រីស្ទ មានការព្យាបាលគ្រប់ប្រភេទសម្រាប់លោកអ្នក។ មនុស្សភាគច្រើនគិតថា មានតែថ្នាំពេទ្យទេ ដែលអាចព្យាបាលជំងឺបាន។ ប៉ុន្តែមានតែព្រះយេស៊ូវគ្រីស្ទទេ ដែលជ្រាបពីរបួសខាងក្នុងរបស់លោកអ្នក។ ទ្រង់មិនអាចទ្រាំមើលការឈឺចាប់របស់លោកអ្នកបានទេ។
ព្រះគម្ពីរទំនុកដំកើង ១៤៧:៣ បានចែងថា ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជាក៏រុំរបួសឲ្យគេផង។
សូមកុំនឹកស្មានថា ព្រះជាម្ចាស់ទ្រង់មិនដឹងពីស្ថានភាពរបស់លោកអ្នក។ ទ្រង់ជ្រាបរាល់ស្នាមរបួសរបស់លោកអ្នក ទ្រង់ជ្រាបពីការឈឺចាប់របស់លោកអ្នក ហើយទ្រង់មានការកំសាន្តចិត្តដ៏អាស្ចារ្យដែលលោកអ្នកអាចស្វែងរកឃើញនៅក្នុងព្រះគម្ពីរ គឺទ្រង់បាន ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជាក៏រុំរបួសឲ្យគេផង។ ទ្រង់ព្យាបាលរបួសលោកអ្នកអោយបានជាសះស្បើយទាំងស្រុង។
លន់តួអំពើបាបរបស់លោកអ្នក
ដើម្បីដកខ្លួនចេញពីស្ថានភាពនេះ ការដែលសំខាន់បំផុតនោះគឺ លោកអ្នកត្រូវទទួលស្គាល់កំហុសរបស់លោកអ្នក ចំពោះកិច្ចការណាមួយដែលលោកអ្នកតែងតែមិនព្រមទទួលស្គាល់។ ដោយសារតែការនោះហើយ ដែលធ្វើអោយលោកអ្នកមិនអាចចាកចេញពីស្ថានភាពនោះបាន។ លោកអ្នកត្រូវឈប់គិតអវិជ្ជមាន ហើយចាប់ផ្តើមគិតវិជ្ជមានវិញ។
លោកអ្នកត្រូវអត់ទោសដល់អស់អ្នកដែលធ្វើអោយលោកអ្នកឈឺចាប់ ហើយសុំទោសដល់អ្នកដែលលោកអ្នកធ្វើអោយគេឈឺចាប់។ ចូរចូលមកចំពោះព្រះយេស៊ូវគ្រីស្ទ ហើយថ្វាយទាំងអស់ដល់ទ្រង់។ ទ្រង់នឹងព្យាបាលលោកអ្នក។ ទ្រង់ចង់រំដោះលោកអ្នកចេញពីដួងចិត្តដ៏ខ្ទេចខ្ទាំនេះ។ ទ្រង់មានអំណាចចេស្តាគ្រប់គ្រាន់ ហើយមានអំណាចដោះស្រាយរាល់ទាំងបញ្ហារបស់លោកអ្នក។ ចូរទូលសុំដល់ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់អាចប្រទាននូវចិត្តដល់ស្កប់ស្គល់ដល់លោកអ្នកបាន នោះលោកអ្នកនឹងលែងមានអារម្មណ៍ពិបាកចិត្តហើយ។ ពេលនោះ សូម្បីតែលោកអ្នកនឹកចាំពីរបួសចាស់របស់លោកអ្នកក៏ដោយ ក៏វាលែងធ្វើឱ្យលោកអ្នកឈឺចាប់ទៀតដែរ។ ដោយសារតែ លោកអ្នកនឹងមានសេរីភាព ហើយគឺព្រះយេស៊ូវគ្រីស្ទនោះហើយ ដែលនឹងរំដោះលោកអ្នកអោយមានសេរីភាព។