តើខ្ញុំអាចអត់ទោសអោយខ្លួនឯងដោយរបៀបណា?

សេចក្តីផ្តើម
អ្នកពិតជាធ្វើវាអោយបែកមែន អ្នកគ្មានប្រយោជន៍មែន គ្មាននរណាស្រលាញ់អ្នកឡើយ។ តើលោកអ្នកធ្លាប់មានគំនិតបែបនេះដែរឬទេ? យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ធ្វើខុស ហើយធ្វើអោយមនុស្សនៅជុំវិញខ្លួនយើងឈឺចាប់។ សង្ឃឹមថាពួកគេនឹងអត់ទោសអោយអ្នក ប៉ុន្តែពេលខ្លះអ្នកដែលពិបាកអត់ទោសបំផុតនោះ គឺខ្លួនឯងទៅវិញទេ! មនុស្សជាច្រើន ស្ទើរតែពេញមួយជីវិតរបស់ពួកគេ ព្យាយាមបំភ្លេចនូវអ្វីដែលពួកគេបានធ្វើខុស ព្រមទាំងមិនដែលអត់ទោសអោយខ្លួនឯងឡើយ។ គួរអោយអាណិតណាស់ ប៉ុន្តែអរគុណដល់ព្រះជាម្ចាស់ដែលទ្រង់បានប្រទានព្រះបន្ទូលទ្រង់ ដើម្បីជួយយើងអោយបានរកឃើញនូវក្តីសង្ឃឹម និងវិធីនៅក្នុងការអត់ទោសអោយខ្លួនឯងបាន។
១. លទ្ធផលដ៏នៃអំពើបាបរបស់យើង គឺការជំនុំជំរះ និងសេចក្តីស្លាប់
ព្រះគម្ពីរទំនុកដំកើង ១៤:៣ បានចែងថា តែគ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជាស្មោកគ្រោកទាំងអស់គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយសូម្បីតែ១ក៏គ្មានផង។ ព្រះគម្ពីរ រ៉ូម ៦:២៣ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
២. ព្រះបានបង្កើតផែនការមួយដើម្បីអត់ទោសឱ្យយើង
កាលពី២០០០ជាងឆ្នាំមុនព្រះយេស៊ូវគ្រីស្ទ ព្រះជាម្ចាស់បានបង្ហាញផែនការរបស់ទ្រង់ដល់ហោរាអេសាយ ហើយនៅក្នុងព្រះគម្ពីរអេសាយ ៥៣:៥ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ ហោរាអេសាយកំពុងចង្អុលបង្ហាញអំពីព្រះយេស៊ូវគ្រីស្ទ។
ដើម្បីដោះស្រាយអំពើបាបរបស់យើង ព្រះជាម្ចាស់បានចាត់បញ្ជូនព្រះយេស៊ូវគ្រីស្ទមកសុគតជំនួសអំពើបាបរបស់យើង។ ព្រះគម្ពីរ ១យ៉ូហាន ២:២ ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ។ តាមរយៈការជឿទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ អំពើបាប និងសេចក្តីអាម៉ាស់របស់យើងទាំងអស់ត្រូវបានអត់ទោស។
៣. ព្រះជាម្ចាស់បានអត់ទោសឱ្យយើង (ទាំងស្រុង!) ដោយសារតែការសុគតនិងការរស់ឡើងវិញរបស់ព្រះយេស៊ូវ
ព្រះគម្ពីរ១យ៉ូហាន ១:៩ បានចែងថា បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងជឿទុកចិត្តលើកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង នោះយើងទទួលបានការអត់ទោសទាំងស្រុង។
៤. ដូចដែលព្រះជាម្ចាស់បានអត់ទោសអោយយើង នោះយើងត្រូវអត់ទោសអោយខ្លួនឯង
នៅពេលដែលយើងជឿទុកចិត្តដល់ព្រះយេស៊ូវគ្រីស្ទ យើងដឹងថារាល់ទាំងកំហុសទាំងឡាយ និងការថ្កោលទោសមកកាន់ខ្លួនឯងនឹងរលាយបាត់ទៅស។ នៅក្នុងព្រះគម្ពីររ៉ូម ៨:១-២ បានចែងថា ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ។ យើងមានសេរីភាពហើយ។ ប្រសិនបើព្រះជាម្ចាស់បានអត់ទោសអោយយើងហើយ នោះចូរអោយយើងបានអត់ទោសអោយខ្លួនឯងដែរ ហើយរស់នៅក្នុងជីវិតដែលមានសេរីភាពចុះ។
ការអធិស្ឋាន៖
ទូលបង្គំសូមអរព្រះគុណដល់ព្រះយេសស៊ូគ្រីស្ទ ដែលបានអត់ទោសឲ្យទូលបង្គំ។ សូមទ្រង់បានជួយទូលបង្គំ អោយចេះអត់ទោសអោយខ្លួនឯងផង។ ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាមែន។