តើអ្វីទៅជាដំណឹងល្អ?

តើអ្វីទៅជាដំណឹងល្អដែលលោកអ្នកធ្លាប់បានឮ? បើយើងក្រឡេកមើលពីជីវិតប្រចាំថ្ងៃ យើងនឹងឮ ទារកទើបនឹងកើតនៅក្នុងផ្ទះរបស់នរណាម្នាក់ មានការងារល្អ ពេលយើងឮដំណឹងបែបនេះ យើងគិតថាវាជាដំណឹងល្អសម្រាប់យើង។ ព្រោះវាធ្វើអោយចិត្តយើងបានរីករាយ ពេលបានឮដំណឹងបែបនេះ មិនថាសម្រាប់យើង ឬអ្នកផ្សេងនោះទេ។
ប៉ុន្តែប្រសិនបើលោកអ្នកសួរដល់គ្រីស្ទបរិស័ទវិញនូវសំណួរបែបនេះ នោះមុខជាលោកអ្នកនឹងរកឃើញនូវចម្លើយផ្សេង។ នៅក្នុងដួងចិត្តរបស់អ្នកជឿដល់ព្រះយេស៊ូវ មានព្រះរាជសារនៃសេចក្តីសង្គ្រោះ ដែលនោះហើយជាដំណឹងល្អដ៏ពិត ព្រោះព្រះរាជសារនោះបានប្រាប់ពីរបៀបដែលព្រះជាម្ចាស់បានសង្គ្រោះយើង។
តើព្រះបានសង្គ្រោះយើងពីអ្វី?
ជាទូទៅយើងតែងតែគិតថាបញ្ហាច្រើនតែកើតចេញពីបរិយាកាសខាងក្រៅ ហើយដំណោះស្រាយគឺនៅក្នុងខ្លួនរបស់យើង ប៉ុន្តែព្រះគម្ពីរបង្រៀនយើងថា បញ្ហាជាមូលដ្ធានរបស់យើង គឺនៅក្នុងខ្លួនរបស់យើង ហើយដំណោះស្រាយគឺមកពីខាងក្រៅវិញ។ បើលោកអ្នកគិតតែមួយភ្លែតនោះនឹងឃើញថា បញ្ហាទាំងអស់នៅក្នុងជីវិតរបស់លោកអ្នកសព្វថ្ងៃនេះ ជាកំហុសអ្នកដទៃវិញ។
នៅក្នុងដំណឹងល្អ ម៉ាថាយ ១៥:១៩ ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ។
នេះជាអ្វីដែលព្រះគម្ពីរហៅថា អំពើបាប ព្រោះវាញែកយើងចេញពីព្រះ។ ដោយសារអំពើបាបវាចូលមកក្នុងដួងចិត្តរបស់យើង ហើយធ្វើអោយយើងដាច់ចេញពីមាគ៌ារបស់ព្រះជាម្ចាស់ ហើយចាប់ផ្តើមដើរតាមផ្លូវរបស់អារក្សវិញ។
លោកអ្នកប្រហែលជាគិតថា នេះមិនមែនជាដំណឹងល្អអ្វីទាល់តែសោះ ប៉ុន្តែខ្ញុំចង់ប្រាប់ដល់លោកអ្នកថា វាជាការសំខាន់ជាងដែលយើងត្រូវដឹងអំពីដំណឹងអាក្រក់មុន ដើម្បីស្វែងយល់អំពីដំណឹងល្អរបស់ព្រះគម្ពីរតាមក្រោយ។ មានតែពេលនេះទេ ដែលយើងអាចយល់ពីរបៀបដែលព្រះជាម្ចាស់បានសង្គ្រោះយើង។
របៀបដែលព្រះជាម្ចាស់បានសង្រ្គោះយើង
ជំនឿរបស់គ្រីស្ទបរិស័ទផ្តល់ឳ្យយើងនូវក្តីសង្ឃឹមដ៏រស់រវើក ហើយក្តីសង្ឃឹមនោះហើយ គឺជាដំណឹងល្អ ដែលមានន័យថា «ដំណឹងល្អដ៏ពិត»។ ព្រះជាម្ចាស់បានសង្គ្រោះយើង ដោយការលះបង់ព្រះរាជបុត្រារបស់ព្រះអង្គតែមួយគត់មកយើង។ ព្រះគម្ពីររ៉ូម ៥:៨ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។
ព្រះជាម្ចាស់បានសង្គ្រោះយើងចេញពីអំពើបាប ដោយសុគតសម្រាប់បាបយើងទាំងអស់គ្នា។ នេះហើយជាដំណឹងល្អដ៏អស្ចារ្យបំផុតសម្រាប់អ្នកដែលជឿព្រះយេស៊ូវគ្រីស្ទ ពីព្រោះព្រះគម្ពីរបានប្រាប់យើងថា កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង។ ព្រះជាម្ចាស់បានលះបង់ព្រះរាជបុត្រារបស់ទ្រង់តែមួយដើម្បីសុគតសម្រាប់រំដោះយើង និងស្រាយយើងចេញពីចំណងនៃអំពើបាប ដែលខណ្ឌចែកយើងចេញពីព្រះ ហើយស្ដារទំនាក់ទំនងយើងជាមួយព្រះជាម្ចាស់ឡើងវិញ។
(កូរិនថូសទី១ ១៥:៣-៨) យើងរកឃើញការបញ្ជាក់ថា ព្រះបានសម្រេចតាមសេចក្ដីសន្យារបស់ទ្រង់ចំពោះយើង ហើយសេចក្ដីសន្យារបស់ទ្រង់នៅមានជីវិតនៅសព្វថ្ងៃនេះ។
ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវ័កទាំងអស់គ្នាឃើញដែរ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ។
សេចក្តីអធិស្ឋាន
ឱព្រះអម្ចាស់យេស៊ូវជាព្រះនៃទូលបង្គំអើយ ទូលបង្គំសូមអរគុណទ្រង់ ចំពោះការសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទូលបង្គំ។ សូមអត់ទោសឱ្យទូលបង្គំផង។ សូមយាងចូលមកក្នុងជីវិតរបស់ទូលបង្គំ។ ទូលបង្គំសូមទទួលទ្រង់ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់ទូលបង្គំ។ សូមជួយអោយឲ្យរស់នៅសម្រាប់ទ្រង់អស់មួយជីវិតនេះ។ ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ អាម៉ែន។